​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ រដ្ឋ​អន​តា​រី​យ៉ូ នៃ​ប្រទេស​កាណាដា មក​ស្វែងយល់​ការងារ គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​

2 Views
January 12, 2017


​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​រដ្ឋ​អន​តា​រី​យ៉ូ (Ontario) ប្រទេស​កាណាដា គឺ​ឯកឧត្តម ម៉ៃ​ឃ់​ល ចាន់ (Michael Chan) បានមក​បំពេញ​ទស្សនកិច្ច និង​ស្វែងយល់​អំពី ការងារ​គ្រប់គ្រង រមណីយដ្ឋាន​អង្គរ ពី​សំណាក់​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ ទទួល​ស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញជូន ឯកឧត្តម​រដ្ឋមន្ត្រី នៅពេលនេះ មាន​ឯកឧត្តម សុខ សង្វារ អគ្គនាយករង និង​ជា​តំណាង​ឯកឧត្តម អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ ជាច្រើនរូប​ផ្សេងទៀត​។
​បន្ទាប់ពី​កិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ ឯកឧត្តម សុខ សង្វារ ក៏បាន​បង្ហាញជូន គណៈប្រតិភូ​កាណាដា អំពី​ការវិវត្ត​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង ការរៀបចំ​គ្រប់គ្រង រមណីយដ្ឋាន​អង្គរ​។ ក្នុងនោះ ចាប់ពី​អង្គរ ត្រូវបាន​ដាក់ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក ក្នុង​ឆ្នាំ​១៩៩២​មក តាមរយៈ​ឆន្ទៈ​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការគ្រប់គ្រង​អង្គរ ត្រូវបាន​រៀបចំឡើង យ៉ាង​យកចិត្តទុកដាក់​បំផុត ជាក់ស្តែង ការរៀបចំ​គណៈកម្មាធិកា​រ​អន្តរជាតិ (ICC-Angkor) ក្នុង​ឆ្នាំ​១៩៩៣ ការកំណត់​តំបន់​ការពារ ក្នុង​ឆ្នាំ​១៩៩៤ ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​១៩៩៥ ការបង្កើត​ច្បាប់ ស្តីពី​ការគ្រប់គ្រង​បេតិកភណ្ឌ ក្នុង​ឆ្នាំ​១៩៩៦ គោលនយោបាយ បើក​លំហ​ជើងមេឃ ឆ្នាំ​១៩៩៧ យុទ្ធសាស្ត្រ​ឈ្នះៗ ដែល​បានបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង ទាំងស្រុង​ក្នុង​ឆ្នាំ​១៩៩៨​។ កត្តា​ទាំងនេះហើយ ដែល​ជំរុញ​ឲ្យ​អង្គរ ត្រូវបាន​ដកចេញ ពី​បញ្ជី​បេតិកភណ្ឌ ប្រឈម​នឹង​គ្រោះថ្នាក់ ឆ្នាំ​២០០៤​។
​ជាមួយគ្នានេះ ឯកឧត្តម សុខ សង្វារ ក៏បាន​បញ្ជាក់​ផងដែរ អំពី​ភាពជោគជ័យ នៃ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ រយៈពេល​ជាង ២០ ឆ្នាំ​កន្លងមកនេះ របស់​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​យន្តការ ICC-Angkor និង​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អ ពី​សំណាក់​ដៃគូ​ជាតិ និង​អន្តរជាតិ ជាច្រើន​ទៀត​។ មិន​ត្រឹមតែ​ជោគជ័យ នៅ​អង្គរ​ទេ យន្តការ ICC-Angkor ត្រូវបាន​បណ្តា​ប្រទេស​ជាច្រើន យក​គំរូ​ទៅ​អនុវត្ត តាម​ទៀតផង​។
​ក្រៅពីនេះ មន្ត្រី​ជំនាញ ៤ រូប ផ្សេងទៀត ក៏បាន​ធ្វើ​បទ​បង្ហាញជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​កិច្ចការ​អភិរក្ស​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ការអភិវឌ្ឍ​និង​គ្រប់គ្រង​ទេសចរណ៍​អង្គរ ការអភិវឌ្ឍន៍​សហគម​ន៍​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។​
​ឯកឧត្តម Michael Chan បាន​រៀបរាប់ថា លោក​ពិតជា​ស្ងើចសរសើរ ចំពោះ​ស្ថា​ដៃ​ដូនតា​ខ្មែរ ដែល​បាន​សាងសង់ ប្រាសាទ​យ៉ាង​ល្អឥតខ្ចោះ ជាពិសេស លោក​ពិតជា​ស្ងើចសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បំពេញបេសកកម្ម ដ៏​ធំធេង​របស់ខ្លួន បានទទួល​លទ្ធផល យ៉ាង​ជោគជ័យ​។
​ឯកឧត្តម​បញ្ជាក់ថា “​មុន​ចេញដំណើរ​មក ប្រពន្ធ​ខ្ញុំ បាន​ស្វែងរក​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​អំពី​អង្គរ ហើយ​បានដឹងថា អង្គរ​ពិតជា​អស្ចារ្យ​ណាស់ យើង​បានដឹងថា ថ្មីៗ​នេះ អង្គរ​បាន​ក្លាយជា​គោលដៅ ទស្សនា​ដ៏​ល្អ​បំផុត​លើ​លោក ទៀតផង​”​។ ឯកឧត្តម​បញ្ជាក់ថា “​ក្រោយពី​ស្តាប់​បទ​បង្ហាញ អម្បាញ់មិញ​នេះ​ទៅ ឃើញថា មាន​ប្រទេស​ជាច្រើន មក​ចូលរួម​ជួយ​អង្គរ ខ្ញុំ​នឹង​យក​បញ្ហា​នេះ ទៅ​ជម្រាបជូន ថ្នាក់ដឹកនាំ​ខ្ញុំ ហើយ​ខ្ញុំ នឹង​ជំរុញ​ស្ថាប័ន​ជាតិ និង​ស្ថាប័ន​ស្ម័គ្រចិត្ត​នានា នៅក្នុង​ប្រទេស​កាណាដា ដើម្បី​មក​ចូលរួម ក្នុង​កិច្ចការ​អភិរក្ស​អង្គរ នាពេលខាងមុខ​”៕

Facebook Comment

Show Buttons
Hide Buttons