ក្រសួងអប់រំអោបដៃមើលសិស្សជិះម៉ូតូមកទទួលការអប់រំទាំងប្ដូរជីវិត!


ហាក់ដូចជាកាន់តែក្លាយជារឿងសាមញ្ញហើយ ដែលសិស្សសាលាភាគច្រើន មិនបានខ្វល់​ខ្វា​យនឹងប្រើប្រាស់មួកសុវត្ថិភាព នៅពេលពួកគេជិះម៉ូតូទៅសាលារៀន។ សិស្សទាំងស្រី ទាំងប្រុស ពិសេសនៅរាជធានីភ្នំពេញ និងទីប្រជុំជន គឺមានតិចតួចណាស់ដែលប្រកាន់រិយាបទខ្លាចស្លាប់ តាមរយៈការពាក់មួកសុវត្ថិភាព។

 

គ្រប់គ្នាដែលបានធ្វើដំណើរតាមដងវិថីជារៀងរាល់ថ្ងៃ ពិតជាមិនពិបាកទទួលយកសំណេរនេះទេ ដ្បិតវាំសាំភ្នែកណាស់ទៅហើយ នៅពេលដែលសិស្សក្មេងៗជិះម៉ូតូលឿនៗទៅសាលារៀន ដោ​យគ្មានប្រើប្រាស់មួកសុវត្ថិភាព បើទោះជាកម្ពុជាមានច្បាប់ចរាចរណ៍ថ្មីដ៏តឹងរឹង និងមានយុ​ទ្ធ​នាការឲ្យប្រើប្រាស់មួកសុវត្ថិភាពយ៉ាងផុលផុសក៏ដោយ។

មានហេតុផលច្រើនយ៉ាងដែលនាំឲ្យសិស្សខ្លះមិនប្រើប្រាស់មួកសុវត្ថិភាព ដូចជាគេមិនទំលាប់! ខ្លាចខូចម៉ូតសក់! ខ្លាចគេថាស្រែៗ! ឬខ្ជិលចំណាយប្រាក់ទិញមួកជាដើម។ ប៉ុន្តែក៏មានហេតុផលផ្សេងទៀតដែរ គឺកង្វះការអនុវត្តច្បាប់ ការចាប់ផាកពិន័យ ការអប់រំពីអាណាព្យាបាល និងសាលារៀនគ្មានយន្តការរឹតបន្តឹងសិស្សឲ្យពាក់មួកសុវត្ថិភាពពេលមករៀន។

 

និយាយដល់ចំណុចចុងក្រោយ គឺក្រសួងអប់រំ ដើរតួនាទីសំខាន់ណាស់ សម្រាប់ករណីសិស្សមិនពាក់មូកសុវត្ថិភាពពេលជិះម៉ូតូចូលសាលារៀន។ នេះដោយមិនរាប់ការជាប់ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនផង។ ជាដំណោះស្រាយ ក្រសួងគួរតែពិចារណាចេញគោលការណ៍ជាក់លាក់ ដើម្បីតម្រូវឲ្យសិស្សត្រូវតែពាក់មួកសុវត្ថិភាព។

 

តាមពិតនៅគ្រប់សាលារៀនរដ្ឋទាំងអស់ គឺសុទ្ធតែមានបទបញ្ជាផ្ទៃក្នុងសាលា ប៉ុន្តែជារឿយៗ គ្មានសាលាណាមួយបានហាមថាសិស្សដែលជិះម៉ូតូមកសាលា ហើយមិនពាក់មួកសុវត្ថិភាព នឹងទទួលទណ្ឌកម្មវិន័យណាមួយនោះឡើយ បើទោះជាសកម្មភាពបំពានច្បាប់មួយនេះ នឹងបង្កឲ្យសិស្សរបួស ឬស្លាប់ខានមករៀនក៏ដោយ។

 

គួរកត់សំគាល់ថា ពេញមួយឆ្នាំ២០១៦ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គឺភាគច្រើនកើតឡើងលើក្រុមអ្នកជិះម៉ូតូ ហើយក្នុងចំណោមអ្នកជិះម៉ូត ដែលស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺក្រុមអ្នកធ្វើដំណើរមិនពាក់មួកសុវត្ថិភាពនេះឯង។

ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា មិនគួរនៅស្ងៀមចំពោះមុខបញ្ហាដ៏ប្រឈមមួយនេះបានទេ ដ្បិតសិស្សានុសិស្សជាធនធានជាតិ ដែលត្រូវទទួលការអប់រំបណ្ដុះបណ្ដាលទាំងចំណេះវិជ្ជា សីលធម៌ និងវិន័យ។

 

តើក្រសួងនឹងត្រូវអប់រំសិស្សទាំងសិស្សមកទទួលការអប់រំដោយមិនគោ​រ​ពច្បាប់ចរាចរណ៍?