ជលផលថាត្រីកើន តែនៅច្រាំងចំរេះត្រីប្រហុកហក់ថ្លៃ១គីឡូជិត៣ពាន់រៀល


ក្នុងអំឡុងពេលប្រមូលផលត្រីរបស់ប្រជានេសាទទូទាំងប្រទេស រដ្ឋបាលជលផល បានអះអាងម្ដងហើយម្ដងទៀតថាត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះ មានកំណើនខ្ពស់ជាងឆ្នាំកន្លងទៅ ដោយសារតែការអំណោយផលពីអាកាសធាតុ និងរបបទឹកទន្លេ។

ប៉ុន្តែហេតុអ្វីត្រីប្រហុកដែលលក់នៅតំបន់ច្រាំងចំរេះ នៅតែមានតម្លៃថ្លៃកប់ពពក ពោលគឺថ្លៃខុសពីឆ្នាំកន្លងទៅ ឬថ្លៃរហូតសឹងតែដូចជាខ្សត់ត្រីណាស់ទៅហើយអ៊ីចឹង។ កាលពីខែខ្នើដែលត្រីរកបានច្រើន តម្លៃត្រីនៅច្រាំងចំរេះលក់មិនក្រោម១៥០០រៀលទេក្នុង១គីឡូ។

 

បើមាន គឺជួនចំត្រីចាល់ច្រើនខ្លាំង ធ្វើឲ្យអ្នកនេសាទត្រូវលក់ប្រញាប់លុយ ឬពេលខ្លះត្រីតម្លៃ១៥០០រៀលគឺជាប្រភេទត្រីអន់សាច់ ដែលពេលយកទៅវៃកិនក្បាលសឹងតែទក់អស់សាច់ទៅហើយទើបមានលក់ក្នុងតម្លៃនេះ។

និយាយមកដល់ថ្ងៃនេះវិញ ត្រីនៅច្រាំងចំរេះដែលតែងថ្លៃជាងកន្លែងប្រមូលលក់ផលនេសាទនា​នានោះ គឺកាន់តែហក់ថ្លៃតែម្ដង។ វាត្រូវបានគេលក់មិនក្រោម២៥០០រៀលទេ ស​ម្រា​ប់​​ប្រភេទត្រីប្រហុកដែលនៅស្រស់ៗល្អ ហើយថ្ងៃខ្លះវាបានហក់ដល់ជិត៣០០០រៀលឯណោះ​។ នេះ​បើតាមអ្នកលក់ និងអ្នកទិញត្រីនៅទីនោះ។

 

យ៉ាងណាក៏ដោយ បើទោះជាត្រីប្រហុក លក់ក្នុងតម្លៃថ្លៃកប់ពពកបែបនេះ ក៏នៅតែមានពលរដ្ឋសំរុកមកទិញមិនដាច់ជាដដែល ដោយពួកគាត់អះអាងថាគ្មានជំរើសឡើយ ដ្បិតពួកគាត់ត្រូវធ្វើប្រហុកដើម្បីហូបខ្លួនឯងជាចាំបាច់ ដោយសារតែមិនហ៊ានប្រថុយទិញប្រហុកពីផ្សារដែលអាចលាយសារជាតិគីមី៕