ក្រុមហ៊ុន Apple យល់ស្របតាមការស្នើរបស់ចិន


កាលពីឆ្នាំមុនចិនបានបិទកម្មវិធីអានសៀវភៅ iBook និង កម្មវិធីទាញយកបទចម្រៀង iTune របស់ក្រុមហ៊ុន Apple រួចមកហើយ។ ឥលូវឈានជើងចូលឆ្នាំថ្មីមិនដល់ ១ សប្តាហ៏ ផង ក្រុមហ៊ុន​ Apple បានយល់ស្របតាមសំណើរបស់ប្រទេសចិនជាថ្មីម្តងទៀត ក្នុងការ ដកកាសែត New York Times ពី App Store។ New York Times ជាក្រុមហ៊ុនកាសែតដ៏ធំមួយនៅ សហរដ្ឋអាមេរិក។ អ្នកស្រី Eileen Murphy ជាអ្នកនាំពាក្យរបស់កាសែត ​New York Times បានស្នើសុំអោយក្រុមហ៊ុន Apple ផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន និង បានលើកឡើងថា «ការដកហូត កម្មវិធីមើលកាសែត New York Times ពី App Store នៅប្រទេសចិនជាការបំបិទរបស់ចិន មិនអោយប្រជាជនរបស់ខ្លួន មានឯករាជ្យភាព លើការទទួលបានព័ត៌មាន»។

Amnesty International ជាអង្គការសិទ្ធិមនុស្ស បានបង្ហាញពីការមិនពេញចិត្ត យ៉ាងខ្លាំងដែល ក្រុមហ៊ុន Apple យល់ស្របនឹងការដកហូត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយបាននិយាយថា​ «វាគួរអោយខ្លាចណាស់ ដែលក្រុមហ៊ុន Apple ស្របតាមសំណើរបស់ប្រទេសចិនយ៉ាងងាយស្រួលបែបនេះ»។