កន្លែងទេសចរណ៍ស្រស់ស្អាតបំផុត២១កន្លែងជុំវិញពិភពលោក


កន្លែងទេសចរណ៍អាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ទៅទស្សនាបានដោយផ្អែកលើកត្តាផ្សេងៗ ដូចជាភាពស្រស់ស្អាតពីធម្មជាតិ និង ស្ថាបត្យកម្មជាដើម។ រៀបរាប់ខាងក្រោមនេះ ជាកន្លែងទេសចរណ៏ចំនួន២១កន្លែង  ក្នុងតំបន់ត្រូពិក តំបន់អាក់ទិក និង កន្លែងទេសចរណ៏ដែលមានស្ថាបត្យកម្មទាក់ទាញបំផុតលើពិភពលោក។

១ កោះ​ខូអៃ រដ្ឋហាវ៉ៃ​ ៖ ជាកោះប្រជុំដោយព្រៃស្តុក។ អ្នកដែលទៅដល់កោះត្រូពិកនេះ អាចកំសាន្តជាមួយ ការដើរឡើងភ្នំ(hiking) ការហែលទឹក ជ្រមុជទឹក និង  ជិះកង់។

២ កោះបូរ៉ាបូរ៉ា ៖ ជាកោះដែលធ្លាប់បានរងគ្រោះដោយបន្ទុះភ្នំភ្លើងពីមុនមក។ ប្រព័ន្ធអេកូឡូស៊ីថ្មី កកើតឡើង ក្រោយពីបន្ទុះភ្នំភ្លើងធ្វើអោយសមុទ្រនៅកោះបូរ៉ាបូរ៉ា មានពណ៌ខៀវស្រងាត់ ស្រស់ស្អាតប្លែកពីសមុទ្រដទៃ។

៣ តំបន់ឡុងស៊ៀង ឬ ឡុងជី​ ៖ ជាវាលស្រែនៅប្រទេសចិនដែលទាក់ទាញភ្ញៀវ ទេសចរពីគ្រប់ទិសទីដោយមាន វាលស្រែដ៏ស្រស់ស្អាត  មានរាងស្រដៀងនឹង ឆ្អឹងខ្នងនាគ។

៤ ទឹកជ្រោះវិចតូរៀ​ ៖ ជាទឹកជ្រោះដែលធំជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅចន្លោះព្រំដែន ប្រទេសហ្ស៊ីមបា (Zambia) និង ប្រទេសហ្ស៊ីមបាវ៉េ។ ទឹកជ្រោះនេះមាន កំពស់ ១០៨ ម៉ែត្រ លាតសន្ធឹងលើបណ្តោយ ១៦៨៨ ម៉ែត្រ។

៥ ទន្លេអាម៉ាហ្សូន ៖ ស្ថិតនៅប្រទេសប្រេស៊ីល និង ជាទន្លេដែលធំបំផុតលើពិភពលោក។ តំបន់ព្រៃស្តុកជុំវិញទន្លេនេះ ជាព្រៃដែលក្រាស់បំផុត មានទំហំធំជាង ៥០% នៃព្រៃឈើ ដែលនៅសេសសល់នៅលើភពផែនដីសព្វថ្ងៃ។

៦ ភ្នំឥន្ធនូ ប្រទេសចិន ៖ មានភាពស្អាតទាក់ភ្នែកខុសពីភ្នំដទៃ។​ ពណ៌ដែលរំលេចនៅលើ ភ្នំនេះ ជា ការរួមផ្សំ​នៃសំណឹកដី និង​ រ៉ែនានា ដែលមាននៅលើភ្នំដូចជា ថ្មភក់ មានពណ៌ក្រហម បៃតង និង លឿង។

៧ កោះរ៉ៃឡេ (Railay) ៖ ជាកោះមួយនៅប្រទេសថៃ។ ភ្ញៀវទេសចរអាច ឡើងភ្នំ (Rock climbing) ទៅមើលល្អាងនានា និង ហែលទឹកនៅទីនោះបាន។

ក្រៅពីនេះ តំបន់ទឹកកកក៏មានតំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើន មិនចាញ់តំបន់ត្រូពិចដែរ។ ខាងក្រោមនេះ ជាតំបន់ទេសចរណ៏ដែលស្ថិតនៅកន្លែងត្រជាក់ ធ្លាក់ព្រិល។

 

៨ ប្រាសាទ ណស់វែនស្តែន (Neuschwanstein) ៖ ជាប្រាសាទដ៏ស្រស់ស្អាតកណ្តាល់ភ្នំទឹកកក នៅប្រទេសអាល្លឺម៉ង់ ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៩។

៩ ផ្ទៃមេឃចម្រុះពណ៌នៅភាគខាងជើង (Northern Light) ៖ ស្ថិតនៅក្នុងប្រទេសអ៊ីស្លង់ ផ្ទៃមេឃប្រដេញពណ៌នេះជាទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាត ។

១០ តំបន់អង់តាក់ទិក ៖ ជាតំបន់ដែលត្រជាក់បំផុត ស្ងួតបំផុត មានខ្យល់បក់បោកខ្លាំងបំផុត និង មានរយៈកំពស់ខ្ពស់បំផុតដែរ លើពិភពលោក។

១១ ឧទ្យានជាតិយែឡូស្តូន (Yellowstone National Park) ៖ ស្ថិតនៅសហរដ្ឋអាមេរិក ជាឧទ្យានជាតិដែលមានអាយុកាល ចំណាស់ជាងគេលើពិភពលោក ជាជំរករបស់សត្វព្រៃនិង រុក្ខជាតិជាច្រើន។

១២ ឈូងសមុទ្រ ត្រេស៊ី អាម​ (Tracy Arm Fjord) ៖ ស្ថិតនៅរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក ។ ឈូងសមុទ្រនេះ សំបូរដោយ បាឡែន Orcas។

១៣ ថូរែស ឌេល ផេន (Torres Del Paine) ៖ ជាឧទ្យានជាតិនៃប្រទេសឈីលី ដែលមានភ្នំស្រស់ស្អាត ផ្ទាំងទឹកកកអណ្តែត ព្រមទាំងបឹងទន្លេនានា។

១៤ កោះស្វលបាត (Svalbard) ៖ ស្ថិតនៅប្រទេសន័រវេស នៅលើកោះនេះ អ្នកអាចឃើញ ខ្លាឃ្មុំតំបន់ប៉ូល កញ្ជ្រៀងទឹកកក ជាដើម នៅតំបន់ទីប្រជុំជន។

ខាងក្រោមនេះជាតំបន់ប្រាសាទដែលមានស្ថាបត្យកម្មអស្ចារ្យ គួរអោយចង់ទៅទស្សនា៖

១៥ ប្រាសាទបាកាន (Bagan) ៖ ស្ថិតនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា  ជារាជធានី របស់ប្រទេសមីយ៉ាន់ម៉ាពីបុរាណកាល។ ជុំវិញប្រាសាទបាកាន មានប្រាសាទជាច្រើនទៀត សាងសង់ឡើងក្នុងកំឡុងសត្សវត្សទី ១១ និង សត្សវត្សទី ១២។

១៦ ចម្លាក់ថ្ម ចរដិន (Jordan) ៖ ស្ថិតនៅទីក្រុងបុរាណ ផិតត្រា (Petra) ដែលទើបនឹងរកឃើញ ក្នុងឆ្នាំ ១៨១២ ប៉ុណ្ណោះ។ ចម្លាក់ថ្មនេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូនីស្កូ ជាបេតិកភណ្ឌពិភពលោក។

១៧ ភ្នំម៉ាជូ ពីជូ (Machu Picchu) ៖ ស្ថិតនៅក្នុងប្រទេសប៉េរូ។ ស្ថាបត្យកម្មនៅលើភ្នំនេះ បង្ហាញ ពីការអភិវឌ្ឍដ៏រុងរឿងនៃអំបូរអឹងការ (Inca Civilization) ក្នុងឆ្នាំ ១៤៥០ ។

១៨ ទីក្រុង វេនីស (Venice) ៖ ទីក្រុងរបស់ប្រទេសអ៊ីតាលីដ៏ល្បីល្បាញ នេះ សាងសង់ដោយតភ្ជាប់កោះតូចៗ ចំនួន ១១៨​ កោះ ជាមួយនឹងប្រឡាយទឹកដ៏ធំមួយ។

១៩ ពីរ៉ាមីត គីហ្សា (Giza) ៖ នៅប្រទេសអេហ្សីប ត្រូវបានគេចាត់ទុកជាផ្នែកមួយនៃ សំណង់អច្ឆរិយទាំង៧ លើពិភពលោក។  ពីរ៉ាមីត គីហ្សា ជាផ្នូនៃព្រះចៅ ផារ៉ាអុង Khufu សាងសង់ក្នុងឆ្នាំ ២៥៦០ មុនគស។

២០ ប្រាសាទតាព្រហ្ម​ ៖ ជាប្រាសាទ ដែលបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធិសាសនា។ ផ្នែកមួយដែលធ្វើអោយប្រាសាទនេះមានភាពទាក់ទាញបំផុតនោះ គឺស្ថាបត្យកម្មរបស់ប្រាសាទ ដែលមានដើមឈើដ៏ធំ ចាក់ឬសនៅនឹងប្រាសាទ។

២១ ថាច ម៉ាហាល់ (Taj Mahal)៖ ស្ថិតនៅប្រទេសឥណ្ឌា និង សាងសង់ឡើងពី ថ្មម៉ាប ស។ ថាច ម៉ាហាល់ ត្រូវបានចាត់ទុកជា ស្ថាប​ត្យកម្មបង្ហាញពីសិល្បៈរបស់មូស្លីម។