ស្ពានខ្ពស់ជាងគេបំផុតលើពិភពលោកបើកដំណើរការនៅចិន​


ស្ពានដែលខ្ពស់ជាងគេនៅលើពិភពលោក​ បានបើកឲ្យធ្វើចរាចរណ៍នៅក្នុងប្រទេសចិន ភ្ជាប់​ខេត្តចំនួនពីរ នៅតំបន់ដែលមានភ្នំច្រើន នៅភាគនិរតី ដែលអាចកាត់បន្ថយរយៈពេលធ្វើដំណើរបានច្រើន​ ប្រមាណ​៣ភាគ៤នៃពេលធ្វើដំណើរធម្មតា។​

មន្ត្រីរបស់ចិននិយាយនៅថ្ងៃសុក្រនេះថា ស្ពាន​ឈ្មោះ Beipanjiang ដែលទើបបើកឲ្យដំណើរការមានកម្ពស់​៥៦៥ម៉ែត្រ ឆ្លងកាត់ទន្លេ និង ភ្ជាប់ទៅខេត្តតំបន់ភ្នំចំនួនពីរគឺខេត្តយូណាន និង ហ្គីហ្សូ ។​នេះបើតាមសេចក្តីប្រកាសរបស់របស់នាយកដ្ឋានដឹកជញ្ជូន​នៅក្នុងខេត្តហ្គីហ្សូ។​

សេចក្តីប្រកាសព័ត៌មាននោះ ឲ្យដឹងថា ស្ពាននោះបានកាត់បន្ថយការធ្វើដំណើរ ពីតំបន់​សួនវ៉ី​ នៅក្នុងយូណាន ទៅស៊ីចេង នៅក្នុងខេត្តហ្គីហ្សូ គឺចំណេញបានជាង៤ម៉ោង​ក្នុងការធ្វើដំណើរម្តង។​

បើតាមសារព័ត៌មាន​ Guizhou Daily បានឲ្យដឹងថា ស្ពាននេះ ចំណាយលុយសាងសង់អស់ជាង ១ ពាន់លានយ័ន ស្មើនឹង ប្រមាណ​១៤៤លានដុល្លារ។