សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបអគ្គមេបញ្ជាការកងទ័ពថៃ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យ លោក Chalermchai Sittisad អគ្គមេបញ្ជាការនៃកងទ័ពថៃចូល ជួប​ស​ម្ដែង​​ការគួរសម នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មានក្រោយ​ជំនួ​ប​នោះថា លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោអំពីការជួប​ពិ​ភាក្សា ការងារថ្មីៗ​កន្លងទៅនេះជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ ហើយក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មាស សុភា អគ្គមេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ អំពីកិច្ចការ​ព្រំដែនដើម្បីជំរុញឱ្យមានភាពល្អប្រសើរ ការរីកចម្រើន និងអភិវឌ្ឍន៍កាន់ តែច្រើនឡើង​ថែម​ទៀត​នៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការនៃ​កង​ទ័ព​​ប្រទេសទាំងពីរផងដែរ។ លោក Chalermchai Sittisad ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខ ទុក្ខពីឯកឧត្តម នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ជូនសម្តេចតេជោ ផងដែរ ព្រមទាំងបានអរ គុណ សម្តេច​តេជោ ដែលបាន អញ្ជើញទៅចូលរួមពិធីបុណ្យព្រះមហាក្សត្រថៃ​ដែលព្រះអង្គ​បាន​សោ​យ​​ទិវង្គតកាលពីពេលថ្មីនេះនៅ ប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនង និងកិច្ច​ពិភាក្សា​រវាងភាគីកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ សម្តេចតេជោ ក៏បានបញ្ជាក់ថា​ទំនាក់​​​ទំនង​រវាងកងទ័ពនៃប្រទេសយើង ទាំងពីរគឺមានសារៈសំខាន់ណាស់។ ព្រោះថាសព្វ​ថ្ងៃ​នេះ​ គឺកងទ័ពនៃប្រទេសយើងទាំងពីរបានដើរតួនាទី ជាអ្នកការទូតផងដែរ ហើយប្រសិន​មាន​រឿង​​ឬបញ្ហាអ្វីនោះ គឺយើងសម្រុះសម្រួល រួមគ្នាដោះស្រាយដោយ សន្តិវិធីដើម្បីកុំឱ្យ​រីក​រាល​ដាល​ពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ឬក៏រីករាលដាល ទៅកាន់វិស័យផ្សេងៗ ទៀត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំង​ពីរបន្ត​កិច្ច​ពិភា​ក្សា និង សហការគ្នាដើម្បីផលប្រយោជន៍នៃប្រជាជាតិប្រទេសទាំងពីរ។ តាមរយៈការ​អញ្ជើញ​ជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយ លោក Chalermchai Sittisad ថ្ងៃ​នេះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើ សួរសុខទុក្ខឯកឧត្តមនាយករដ្ឋមន្រ្តីថៃផងដែរ៕